Ficool

Chapter 7 - ផ្ទះថ្មីរបស់ខ្ញុំ

ចំណែកឯស្ត្រីម្នាក់ដែលគ្រប់គ្នាគិតថាមនុស្សដាច់ចិត្តគ្មានធម៌មេត្តា គាត់កំពុងតែលួចយំម្នាក់ឯងព្រោះនឹកដល់កូនស្រីដែលគាត់បានចិញ្ចឹមមកដោយផ្ទាល់ដៃ។ អ្នកគ្រូនាយិកាមណ្ឌលសុមាលី កំពុងអង្គុយនៅកៅអីការិយាល័យរបស់គាត់សម្លឹងមើលទៅកន្លែងដែលនួងបានលុតជង្គង់សុំឲ្យអ្នកគ្រូអភ័យទោសឲ្យគេ និងសុំកុំឲ្យគេត្រូវបណ្តេញចេញអីព្រោះគេគ្មានកន្លែងណាដែលត្រូវទៅក្រៅពីទីនេះឡើយ។ នៅថ្ងៃដែលអ្នកគ្រូនាយិកាបានបណ្តេញនួងចេញពីមណ្ឌលនោះគឺជាការពិត ហើយវាជាចេតនារបស់គាត់ពិតមែន​ ព្រោះនរណាក៏ដឹងដែរថា គ្រួសារឧកញ្ញ៉ាសែម សុគន្ធ មានអំណាចខ្លាំងប៉ុណ្ណា គាត់ត្រូវបង្ខំចិត្តយករួចខ្លួនដើម្បីឲ្យជៀសបញ្ហាដែលនួងបានធ្វើកុំឲ្យមកដល់ក្មេងៗដទៃទៀតត្រូវទទួលទណ្ឌកម្មជាមួយដែរ។ ប៉ុន្តែគាត់ក៏មានផែនការរៀបចំឲ្យនួងដើម្បីទៅនៅកន្លែងថ្មីដូចគ្នា ជាមួយនិងអ្នកដែលស្គាល់គ្នានិងគាត់។ តែមិននឹកស្មានថា នួងបែរជាចិត្តឆៅទៅហ៊ានប្តូរជីវិតរងគ្រាប់ជំនួសកូនស្រីពៅរបស់លោកឧកញ្ញ៉ាសែម សុគន្ធហើយត្រូវទៅចូលពេទ្យសង្គ្រោះបន្ទាន់ថែមទៀត។ គ្រាន់តែបានឮដំណឹងនេះហើយ អ្នកគ្រូនាយិកាស្ទើរតែសន្លប់ឈរនៅនឹងមួយកន្លែងទៅហើយ គាត់រូតរះប្រញាប់ដើម្បីទៅមើលនួង ស្រាប់តែពេលនោះ មានខ្សែទូរស័ព្ទមួយខ្សែដែលមិនស្គាល់ឈ្មោះបានខលចូលមក ហើយគម្រាមគាត់កុំឲ្យមានពាក់ព័ន្ធនិងក្មេងស្រីម្នាក់នោះទៀត បើមិនដូច្នោះទេ មណ្ឌលនេះនឹងមានបញ្ហាជាមិនខាន។ អ្នកគ្រូធ្វើការសម្រេចចិត្តយ៉ាងពិបាករវាងក្មេងម្នាក់ដែលគាត់បានចិញ្ចឹមដូចជាកូនឡើង១៥ឆ្នាំ និងក្មេងរាប់សិបនាក់ផ្សេងទៀតដែលត្រូវឪពុកម្តាយបោះបង់ចោលព្រោះគ្មានលទ្ធភាពក្នុងការចិញ្ចឹម។ ជារៀងរាល់ថ្ងៃ គាត់ក៏ពឹងឲ្យអ្នកដែលស្គាល់គ្នាជួយមើលថែនួង ហើយប្រាប់គាត់ពីស្ថានភាពរបស់នាងជាប្រចាំ។ ថ្វីត្បិតថាគាត់មិនអាចបានទៅមើលនាងដោយផ្ទាល់ក៏ដោយ ក៏គាត់អាចដឹងដំណឹងពីនាងខ្លះដែរ។ អ្នកគ្រូលើកដៃគ្រវាសទឹកភ្នែកចេញពីថ្ពាល់ចេញ ខណៈពេលដែលមានសិស្សម្នាក់ចូលមកយកឯកសារឲ្យគាត់ស៊ីញ៉េ នោះគឺ ធូ លីនដា ក្មេងស្រីម្នាក់ដែលមានអាយុស្របាលនិងនួង។ " អ្នកគ្រូ! អ្នកគ្រូយំមែនទេ?" លីនដា សួរទៅអ្នកគ្រូនាយក ប៉ុន្តែគាត់មិនព្រមឆ្លើយឡើយ ហើយដេញឲ្យនាងទៅវិញ៖ " ណេះរួចហើយ! យកឯកសារទៅឲ្យលោកគ្រូវិញទៅ!"។ ឯនាងតូចក៏មិនហ៊ាននៅយូរព្រោះខ្លាចអ្នកគ្រូខឹង នាងក៏ប្រញ៉ាប់ចេញមកវិញ។ មើលទៅអ្នកគ្រូតឹងរឹងចំពោះសិស្សគ្រប់គ្នា ប៉ុន្តែមានតែនួងទេ ដែលហ៊ានតមាត់និងគាត់។ តែគួរឲ្យស្តាយ ពេលនេះនាងប្រាកដជាគិតថា គាត់ស្អប់នាងហើយ។ អ្នកគ្រូពោលតែម្នាក់ឯង៖ " នួង! សង្ឃឹមថា ឯងនៅតែអាចរះបញ្ចេញពន្លឺ ដូចជាឈ្មោះរបស់ឯងដែលអ្នកគ្រូដាក់ឱ្យទៅចុះ"៕

ដាលីស

នៅឯផ្ទះសែម សុគន្ធឯណេះវិញ នៅបន្ទប់ទទួលភ្ញៀវ​ជាន់ខាងក្រោមផ្ទាល់ដី ពិសិដ្ឋ កំពុងអង្គុយលេងយ៉ាងសង្ហារម្នាក់ឯងនាពេលល្ងាចបន្ទាប់ពីចេញពីធ្វើការ។ ទ្រនិចនាឡិការចង្អុលទៅដល់ម៉ោង៥កន្លះ។ បន្តិចក្រោយមក ក៏ឃើញមានក្មេងស្រីម្នាក់ដើរចូលមកក្នុងដំណើរល្វត់ល្វន់ ជាមួយនិងដងខ្លួនយ៉ាងស្រស់ស្អាតគ្រងសម្លៀកបំពាក់សិស្សសាលា នោះគឺ សែម សុគន្ធពិសី ហៅ ដាលីស ជាកូនស្រីពៅរបស់ឧកញ្ញ៉ា សែម សុគន្ធ។ នារីជាប្អូនដើរចូលមកអង្គុយជាមួយនិងបង។ " ដាលីស អូនមកពីរៀនហើយអ្ហេស?" ពិសិដ្ឋសួរ​។ " អូនមកពីរៀនហើយ តែអូនមានការចង់សួរបងបន្តិច" ដាលីសតប។ " សួរមក! អ្វីដែលបងអាចឲ្យអូនបាន បងនឹងឲ្យទាំងអស់ឲ្យតែប្អូនស្រីបងសប្បាយចិត្ត" ពិសិដ្ឋតប។ នារីញញឹម ហើយស្រដីទៅបងប្រុសវិញ៖ " បងនៅចាំក្មេងស្រីដែលបានជួយខ្ញុំម្នាក់នោះទេ? ខ្ញុំបានសុំបងឲ្យយកគេមករស់នៅជាមួយពួកយើង តើពេលនេះបងសម្រេចចិត្តយ៉ាងម៉េចហើយ?"។ បុរសប្រែទឹកមុខមួយរំពេច គេងាកមុខចេញហើយដកដង្ហើមចេញ រួចឆ្លើយ៖ " បងមិនទាន់ធ្វើវានៅឡើយទេ។" នរៈបែរសម្លឹងទៅប្អូនវិញ ទឹកមុខរបស់នាងប្រែពីញញឹមរីករាយមកជារាបស្មើ បុរសក៏និយាយលួងលោមទៅប្អូនស្រីវិញ៖ " ប៉ុន្តែ វាអាចជារឿងដែលមិនល្អ ប្រសិនបើក្មេងម្នាក់នោះ គេមានចរិតនិស្ស័យបែបហ្នឹង បងខ្លាចថាបើនាងគិតអ្វីមិនល្អទៅលើ...!" " បងប្រាប់ថា បងនឹងធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ!" នារីកាត់សម្តីបុរសទាំងសម្លេងស្មើ។ បុរសជាបងព្យាយាមពន្យល់បន្ថែម៖ " ប៉ុន្តែវាជារឿងសុវត្ថិភាពរបស់អូន! ក្មេងម្នាក់នោះ និស្ស័យមិនល្អ...!" " ប៉ុន្តែបងបានសន្យាហើយ ថាបងនឹងនាំនាងមកនៅជាមួយពួកយើង! បងបានសន្យានិងខ្ញុំ បងមិនចាំទេអ្ហេស៎? ពេលនេះនាងត្រូវដេញចេញពីមណ្ឌលហើយ នាងគ្មានកន្លែងណានៅទៀតទេ ហេតុអីក៏បងមិនយកនាងមក?!" នារីកាត់សម្តីរបស់បងផាំងៗទាំងពេលនេះទឹកមុខរបស់នាងខឹងសម្បារនិងបងប្រុសដែលមិនគោរពពាក្យសន្យាផង។ ពិតមែនហើយ! ថ្ងៃដែលគេបានទៅជួបនាងតូចម្នាក់នោះដែលកំពុងលួចចេញមកញ៉ាំអីខាងក្រៅនោះ គឺជាថ្ងៃដែលគេចង់និយាយអំពីរឿងនេះជាមួយនាង ប៉ុន្តែមិ​នបាននិយាយជាសាច់ការអ្វីផង គេបែរជាធ្វើឲ្យមានកំហុសត្រូវឲ្យនាងពុលអាហារសន្លប់បន្តជាច្រើនម៉ោងទៀត។ ដាលីស ខឹងចិត្តនិងបងប្រុសទឹកភ្នែករលីងរលោង ហើយនិយាយ៖ " បងពិសិដ្ឋមិនស្រលាញ់ដាលីសទេ! បើមិនអញ្ចឹងបងមិនក្បត់ពាក្យសន្យាទេ!"។ " មិនមែនអញ្ចឹងទេ ដាលីស!" បុរសព្យាយាមពន្យល់ តែប្អូនស្រីរបស់គេអន់ចិត្តក៏ងើបរត់ចេញបាត់ទៅ។ ពេលទៅដល់ក្នុងបន្ទប់ នារីលោតឡើងទៅលើគ្រែ ហើយទ្រហោយំម្នាក់ឯង។ អ្នកនាងតូចម្នាក់នេះ មិនបានស្អប់ដល់នួងដែលធ្លាប់បានចូលដៃជាមួយជនអនពាលចាប់នាងយកទៅនោះទេ។ តែគេនៅតែនឹកគុណដល់នាងដែលបានចូលមករងគ្រាប់ជំនួសគេ បានជួយជីវិតគេ បើពុំដូច្នេះទេ អ្នកដែលត្រូវដេកពេទ្យរាប់ខែក្នុងពេលនេះប្រាកដជា ដាលីស មិនមែន នួងទេ។ នារីពោលម្នាក់ឯងទាំងអន់ចិត្ត៖ " គ្មាននរណាស្រលាញ់ខ្ញុំទេ!"៕

ផ្ទះថ្មីរបស់ខ្ញុំ(គ្រូពេទ្យ!)

នាងតូចនួងឈានជើងចុះពីលើឡានទាំងក្តីរំភើបក្នុងចិត្ត ភ្នែករបស់នាងសម្លឹងទៅកាន់ផ្ទះវិឡាពណ៌សក្បុសដំបូលក្បឿង រចនាបទបែបទាន់សម័យ។ នៅក្នុងទីធ្លាប្រហែល 15ម៉ែត្រ ទទឹង នារីកាន់តែមានចិត្តស្រស់ស្រាយឡើង ពេលសម្លឹងចំរុក្ខជាតិខៀវខ្ចីដាំដុះលម្អជាសួនជាមួយនិងផ្កាយម៉ោងដប់ដុះលាយគ្រប់ពណ៌ចំរុះធ្វើឲ្យនាងតូចម្នាក់នេះមានអារម្មណ៍ថា ជីវិតរបស់នាងដូចជាត្រូវឆ្នោតសំណាងលេខធំអញ្ចឹង។ នាងមិនអាចឃាត់ខ្លួនឯងមិនឲ្យបង្ហាញនូវស្នាមញញឹមនៃក្តីរំភើបបាននោះទេ នារីនិយាយ៖ " លោកគ្រូពេទ្យ! នេះជាផ្ទះរបស់លោកគ្រូពេទ្យមែនទេ? វ៉ាវ..." ជេកសិន សម្លឹងទៅនាងតូចដែលកំពុងតែឱបដៃផ្ទប់និងទ្រូង សើចបង្ហាញធ្មេញសត្រឹមបិតមាត់មិនជិត ហើយសម្លឹងទៅតថភាពជុំវិញខ្លួនដូចជាមិនដែលបានឃើញពីមុនមកអញ្ចឹង។ ស្នាមញញឹមរបស់បុរសក៏លេចឡើង គេពិតជាពេញចិត្តនិងការមើលឃើញក្មេងស្រីតូចម្នាក់នេះបញ្ចេញកាយវិការបង្ហាញពីអារម្មណ៍រំភើបរបស់គេណាស់ ព្រោះវាជាអ្វីដែលគេកម្របានឃើញក្នុងជីវិតរបស់ខ្លួន ក្រោយពីកូនស្រីសំណព្វរបស់គេបានលាចាកលោកនេះទៅ។ តែគេមានអារម្មណ៍ថា មានអ្វីម្យ៉ាងដូចជាមិនសូវត្រូវ ពាក្យដែលកូនស្រីរបស់គេធ្លាប់ហៅគេ មិនមែនជា«គ្រូពេទ្យ»នោះទេ។​បុរសស្រដី៖ " នាងតូច! នៅហៅខ្ញុំថា គ្រូពេទ្យ ទៀតអ្ហេស៎?"។ នួងសម្លឹងទៅបុរស ទាំងមិនទាន់អាចរំសាយស្នាមញញឹមបាន៖ " ខ្ញុំមិនទាន់ទម្លាប់ទេ! គ្រូពេទ្យនៅក្មេងបែបនេះនោះ!"។ បុរស៖ " អេ ថ្វីត្បិតតែខ្ញុំនៅក្មេងមែន ប៉ុន្តែឆ្នាំនេះ ខ្ញុំអាយុ45ឆ្នាំហើយណា៎! នាងតូច ឯងទើបអាយុ15ឆ្នាំប៉ុណ្ណោះ"។ នាងតូចនួងសម្លឹងទៅបុរសវិញទាំងកែវភ្នែកគួរឲ្យអាណិត ស្រដី "ខ្ញុំធ្វើចិត្តមិនទាន់បាន! ព្រោះលោកប៉ាចិញ្ចឹមរបស់ខ្ញុំនៅក្មេងពេក មើលទៅដូចជាបងនិងប្អូន ឬពូនិងក្មួយ។ តើហេតុអីបានជាគ្រូពេទ្យក្មេងយ៉ាងនេះ? តើគ្រូពេទ្យគ្រប់គ្នាសុទ្ធតែអាចនៅក្មេងមិនចាស់បែបនេះមែនទេ?"។ ជេកសិនតបទៅវិញទាំងញញឹម៖ " ចូលទៅក្នុងសិនទៅ! ចាំប៉ានិយាយឲ្យស្តាប់"។

«ប៉ា» គ្រាន់តែឮពាក្យនេះហើយជើងរបស់នួងទន់ដូចសសៃមីអញ្ចឹង ។វាគ្រាន់តែជាពាក្យធម្មតាមួយដែលបង្កប់ន័យដ៏ជ្រាលជ្រៅ។ ប៉ា! ប៉ា! គ្រូពេទ្យដ៏សប្បុរសម្នាក់នោះ និយាយចេញមកដោយអស់ពីចិត្ត ថា ប៉ា។ នួងនៅតែទន្ទេញជាប់ក្នុងចិត្តនូវពាក្យនេះ «ប៉ា» នាងសម្លឹងទៅប៉ាដ៏ស្រស់សង្ហាររបស់នាងមិនជិនណាយ។ តើវាជានិស្ស័យឬជាវាសនា? គេពិតជាប៉ារបស់ខ្ញុំមែនអ្ហេស៎? តើខ្ញុំពិតជាមានប៉ាមែនហ្ហេស៎? ពេលដែលចូលមកដល់ក្នុងផ្ទះ ស្ត្រីមេផ្ទះម្នាក់ក៏បានចេញមក ហើយទទួលយកឥវ៉ាន់របស់ម្ចាស់ផ្ទះទៅទុកតាមបញ្ជា។ សម្លៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងដែល វេជ្ជបណ្ឌិតជេកសិនបានទិញឲ្យនួង កូនស្រីចិញ្ចឹមរបស់គេ។ គេក៏បានឲ្យមេផ្ទះរៀបចំបន្ទប់សម្រាប់នួងរួចជាស្រេចផងដែរ។ អស់រយៈពេលជាច្រើនថ្ងៃដែលនាងបានសម្រាកនៅមន្ទីរពេទ្យ បើគិតជាប្រាក់ថ្លៃព្យាបាលនិងស្នាក់នៅ ពេលនេះនាងប្រហែលជាស្លាប់បាត់ទៅហើយ ព្រោះគ្មានប្រាក់ឲ្យគេ ហើយត្រូវដាច់បាយរស់ទៅចិញ្ចើមផ្លូវរហូតដល់អត់ឃ្លានស្លាប់។ តែ ជាវាសំណាងដ៏ធំធេងរបស់នាង ដែលមានមនុស្សល្អម្នាក់នៅចាំជួយដល់នាង។ ពិតជាអរគុណណាស់! នាងតូចសម្លឹងទៅបុរសម្នាក់រូបសង្ហារដែលបានហៅខ្លួនថាជាប៉ារបស់នួងនោះ។ នាងមិនអាចប្រាប់បាននោះទេថា គេពិតជាចង់ធ្វើជាប៉ារបស់នាងដោយចិត្តពិតឬអត់ ប៉ុន្តែនៅពេលដែលបាននឹកទៅដល់ពេលវេលាដែលគេបានមើលថែនាងនៅមន្ទីរពេទ្យ ទាំងរុំរបួស ព្យាយាមសង្គ្រោះនាង ពេលដែលនាងពុលអាហារ បញ្ចុកអាហារដល់នាងពេលដែលនាងឈឺដៃញ៉ាំអាហារមិនបាន និងពេលដែលគេតែងតែមកមើលនាងរាល់ល្ងាចហើយប្រាប់ឲ្យនាងគេងទៅ ជល្លនេត្រងរងថ្លាក៏ស្រក់ហូរចុះមកដោយមិនដឹងខ្លួន។ "អេ្ហហ៎ កើតអីទៀតហើយ? ម៉េចក៏យំអញ្ចឹង? កើតអីនាងតូច!" បុរសថាបណ្តើរក៏ដកយកកន្សែងមកជូតទឹកភ្នែកឲ្យនួងដែលកំពុងរលីងរលោងទឹកភ្នែកបណ្តើរ។ នួងឱបប៉ាចិញ្ចឹមស្របច្បាប់របស់គេជាប់ ទាំងអ៊ួលដើមកនិយាយអ្វីមិនចេញ។ទង្វើល្អដែលគេបានធ្វើដាក់នាង គឺគ្មានអ្វីដែលនាងអាចសងវិញបាននោះទេ។ ដឹងត្រឹមថា គេពិតជាមានសំណាងដែលបានជួប គ្រូពេទ្យ ម្នាក់នេះ។ ជាទេវតាស្លៀកពាក់ខោអាវស មកប្រោសជីវិតដល់គេ។​ សម្លេងខ្សឹបខ្សួលបង្ហើរឡើងជាមួយនិងពាក្យមួយម៉ាត់ដែល ជេកសិន តែងតែប្រាថ្នាចង់ឮម្តងទៀតអស់ពេលជាយូរឆ្នាំណាស់មកហើយ «ប៉ា...!» នាងតូចនួងឱបជេកសិនយ៉ាងជាប់ ហើយហត្ថារបស់បុរសក៏ឈោងទៅអង្អែលថើរៗលើសក់ខ្មៅរលោងរបស់នួងហើយលួងលោមនាងឲ្យបាត់យំ។

(ប៉ារកគ្រូបង្រៀនឲ្យកូន)

ដោយសារតែនួងជាក្មេងមិនបានរៀនសូត្រច្រើន ចរិតនិងកាយវិការរបស់នាង​មិនសូវសមរម្យដូចក្មេងស្រីធម្មតាប៉ុន្មាននោះទេ។ ប៉ុន្តែដោយសេចក្តីស្រលាញ់ពិតបា្រកដ និងសេចក្តីមេត្តារបស់ឪពុកចិញ្ចឹមម្នាក់នេះ នួងក៏អាចរស់នៅជីវិតដ៏មានការយកចិត្តទុកដាក់និងមើលថែទាំបានយ៉ាងល្អ។ គេក៏បានរកគ្រូឲ្យមកបង្រៀននួងដល់ផ្ទះផងដែរ ប៉ុន្តែរកមិនបាន មិនមែនដោយសារគ្មានគ្រូនោះទេ ប៉ុន្តែដោយសារគេមិនឃើញថាពេញចិត្តនរណាឲ្យមកបង្រៀនកូនស្រីរបស់គេសោះ។ ថ្ងៃមួយនៅក្នុងមន្ទីរពេទ្យ វេជ្ជបណ្ឌិតផ្នែកវះកាត់ដ៏មានកេរ្តិ៍ឈ្មោះនិងថ្វៃដៃ ជេកសិន បែរជាគិតអីមិនចេញ ហើយដើរកាន់ក្រដាស់អានមើលចុះមើលឡើង និង ថែមទាំងបដិសេធការវះកាត់មួយចំនួនចោល ច្រានឲ្យពេទ្យដទៃធ្វើជំនួសទៀតផង។ ពិសាល ដែលត្រូវជាកូនសិស្ស និងជាគ្រូពេទ្យចុះស្តារផងនោះ ឃើញគ្រូឯងបែបនេះក៏មានចម្ងល់ជាខ្លាំង។ នរៈបើកទ្វារចូលទៅ ៖ " លោកគ្រូ! មានអ្នកជម្ងឺត្រូវរបួសក្បាលជាទម្ងន់ ត្រូវឲ្យលោកគ្រូទៅពិនិត្យមើលស្ថានភាព ដើម្បីសម្រេចចិត្តវះកាត់ឬក៏អត់"​ ពិសាលនិយាយ។ ផ្ទុយទៅវិញ ជេកសិន បែរជាមិនបានចាប់អារម្មណ៍លើរឿងវះកាត់នោះ តែបែរជាសប្បាយចិត្តដែលឃើញពិសាល មក។ ជេកសិន ហៅពិសាលឲ្យចូលមកជួយមើលប្រវត្តិរូប របស់គ្រូៗជាច្រើនដែលបានដាក់ពាក្យមក ក្នុងការជ្រើសរើសឈរឈ្មោះបង្រៀន កូនស្រី របស់គេក្រៅម៉ោង។ " ពិសាល! ឯងមើលនែ៎ គេម្នាក់នេះមានសញ្ញាប័ត្រជាន់ខ្ពស់ផ្នែកអក្សរសាស្ត្រអង់គ្លេស ថែមទាំងបានទៅរៀននៅមហាវិទ្យាល័យល្បីទៀតផង! ឯងថាទៅមើលតើល្អទេ?" ជេកសិន បង្ហាញក្រដាសប្រវត្តិរូបបេក្ខជនទៅឲ្យ ពិសាល មើល។ តាំងពី ពិសាល បានស្គាល់គ្រូជំនាញរបស់គេ អស់រយៈពេលជាងប្រាំឆ្នាំនេះមក គេមិនដែលឃើញសាស្ត្រាចារ្យរូបនេះ​ ខ្វល់ខ្វាយពីរឿងខាងក្រៅរហូតដល់ភ្លេចការងារបែបនេះទេ។ ឬដោយសារតែរឿងរើសគ្រូបង្រៀនឲ្យកូនស្រីម្នាក់ ដែលមិនមែនទាំងជាកូនស្រីបង្កើតរបស់ខ្លួនឯងផង ធ្វើឲ្យសាស្ត្រាចារ្យរូបនេះ ផ្លាស់ប្តូរដល់ម្លឺង? ដោយភាពគួរសម លោកប្រុសទីពីរ នៃភូមិគ្រឹស្តសែម សុគន្ធ ក៏ងក់ក្បាលយល់ស្រប។ ប៉ុន្តែ វេជ្ជបណ្ឌិតជេកសិន នៅតែមិនទាន់អស់ចិត្តពីបេក្ខជននោះ ហើយស្រដី៖ " អីយ៉ា! ប៉ុន្តែគួរឲ្យស្តាយ គេមិនសូវមានបទពិសោធន៍ក្នុងការបង្រៀននោះទេ! មើលចុះ គេទើបតែចាប់ផ្តើមតែប៉ុណ្ណោះ"។ ដោយការងារបន្ទាន់និង​អាទីភាពសម្រាប់គេជាគ្រូពេទ្យគឺសង្គ្រោះជីវិតមនុស្ស ពិសាល មានអារម្មណ៍ថា បើនៅបន្តគួរសមបែបនេះទៀតនោះការងាររបស់គេនឹងមិនអាចបញ្ចប់បាននោះទេ បុរសក៏និយាយកាត់លោកគ្រូ៖​ " លោកគ្រូ! ខ្ញុំគិតថា ពេលនេះការសង្គ្រោះអ្នកជម្ងឺគឺសំខាន់ជាង"។ ជេកសិន សម្លឹងទៅពិសាលទាំងភ្លឹកភ្លាំង រួចដកដង្ហើមចេញ ហើយស្រដី " ពិតមែនហើយ! ធ្វើជាគ្រូពេទ្យអាទិភាពទីមួយគឺសង្គ្រោះជីវិតអ្នកជម្ងឺ... " បុរសលើកដៃទាំងទ្វេរមកមើល, ហើយបន្ត "ដៃមួយគូរនេះ​ ជួយមនុស្សមករាប់ភ្លេចទៅហើយ! តែចុងបញ្ចប់បែរជាមិនអាចជួយមនុស្សដែលខ្លួនឯងស្រលាញ់បាន"ថាហើយ ជេកសិន​ ក៏បានប្រាប់ពិសាលឲ្យចេញទៅមុន ហើយខ្លួនក៏បានចេញទៅតាមក្រោយ ដើម្បីបំពេញភារកិច្ចជាគ្រូពេទ្យរបស់គេបន្តទៀត។ ក្រោយពីចប់ការវះកាត់ហើយ គឺត្រូវធ្វើដូចមុនអញ្ចឹង ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយក៏លៀងសម្អាតដៃពីឈាមចេញ។ លោហិតក្រហមឆ្អៅនៅជាប់និងដៃ ធ្វើឱ្យបុរសនឹកឃើញទៅដល់ហេតុការណ៍ពីអតីត។ ឈាមក្រហមឆ្អៅស្អិតជាប់និងដៃរបស់គេ គឺជាឈាមរបស់មនុស្សស្រីពីរនាក់ដែលគេស្រលាញ់បំផុតក្នុងជីវិតរបស់គេ។ តែទីបំផុត ក្នុងនាមជាគ្រូពេទ្យដ៏មានថ្វៃដៃបំផុតជួយសង្គ្រោះមនុស្សជាច្រើននាក់ គេបែរជាត្រូវទ្រាំមើលប្រពន្ធនិងកូនជាទីស្រលាញ់របស់ខ្លួនស្លាប់នៅនិងមុខ។ 

(អតីតប៉ាដ៏អាក្រក់)

...ប្រទេសចិន 15 ឆ្នាំមុន

វ័ង ជេកសិន គឺជាសិស្សឆ្នើមលំដាប់ប្រទេស និង ជាគ្រូពេទ្យវះកាត់ដែលមានអាយុក្មេងជាងគេបង្អស់។ ត្រឹមអាយុ23ឆ្នាំ គេក៏បានក្លាយជាវេជ្ជបណ្ឌិតបាត់ទៅហើយ។ កេរ្តិ៍ឈ្មោះរបស់គេល្បីរន្ទឺ ជីវិតរបស់គេពោរពេញដោយសុភមង្គល ហើយគេក៏បានរៀបការមានក្រុមគ្រួសារដ៏កក់ក្តៅមួយផងដែរ។ មិនថាយ៉ាងណា​ កាលបើបានឡើងខ្ពស់បំផុតប៉ុណ្ណា ការធ្លាក់ចុះមកវិញក៏នឹងត្រូវឈឺខ្លាំងប៉ុននោះដែរ។ ថ្ងៃមួយ ក្រុមគ្រួសារតូចរបស់គេក៏ជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលយានយន្តត្រូវបានផ្តាច់ហ្វ្រាំង និងបានក្រឡាប់ពីរបីត្រឡប់ពេលដែលព្យាយាមចុះពីទួល។ ប្រពន្ធនិងកូនរបស់គេត្រូវដេកស្តូកស្តឹងនៅក្នុងថ្លុកឈាមនៅក្នុងហេតុការណ៍នោះ។ ដៃដែលធ្លាប់ជួយជីវិតមនុស្សជាច្រើននាក់ បែរជាគ្មានលទ្ធភាពអាចជួយជីវិតប្រពន្ធ និងកូនស្រីរបស់ខ្លួនឯងឱ្យរស់រានមានជីវិតបាន។ ក្រោយពីពេលនោះមក ឈ្មោះរបស់ វ័ង ជេកសិន មិនត្រូវបានឮទៀតឡើយនៅប្រទេសចិនទៀតឡើយ។ គេបានដើរត្រាច់ចរគ្រប់ទីកន្លែង រស់នៅក្នុងជីវិតមួយដែលអាថ៌កំបាំង លាក់ប្រវត្តិសាវតារបស់ខ្លួន។ អ្វីដែលគេមាននៅពេលនេះ គឺគ្រាន់តែជាឈ្មោះដែលឪពុកម្តាយរបស់គេដាក់ឲ្យ និងជំនាញដែលគេបានចេះមកតែប៉ុណ្ណោះ។ 

នៅពេលដែលបានឃើញនួងលើកដំបូង ខ្លួនប្រាណប្រឡាក់ដោយឈាម សភាពរបស់នាងពេលដែលត្រូវរបួសពីគ្រាប់កាំភ្លើងនោះ គឺដូចគ្នានិងសភាពរបស់កូនស្រីរបស់គេដែលបានស្លាប់ទៅនោះណាស់។ ខ្លួនរបស់នាងក្រហមដោយឈាម។ ជេកសិន គេមិនចង់ឲ្យរឿងដដែលកើតឡើងក្នុងជីវិតរបស់គេទៀតនោះទេ ទើបគេខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយដល់ក្មេងស្រី«នួង»ដែលបានដើរដល់ច្រកទ្វារយមរាជទៅហើយ ឲ្យរស់រានមានជីវិតវិញ។​ 

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters