(ការចេញពីអង្គការរស់ឡើងវិញ)
អស់រយៈពេលប៉ុន្មានខែក្រោយពីបានជួបជាមួយនិង អាណាតាសៀ ជេកសិន នៅតែរង់ចាំមើលចំពោះហេតុការណ៍នៅខាងមុខ។ ថាតើ ការគំរាមពីអង្គការនឹងមានអ្វីកើតឡើង? គ្មាននរណាម្នាក់ដឹងថា អង្គការ នោះ ជាអង្គការអ្វីនោះទេ! គេដឹងត្រឹមថា វាជាអង្គការមួយដែលស្ថិតក្រោមការការពាររបស់រុស្ស៊ី ហើយវាគឺជាprojectមួយដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាងសាមសិបឆ្នាំទៅហើយ។ "The Organization of Latter Day Resurrection" គឺជាឈ្មោះពេញរបស់អង្គការមួយនោះ។ ប៉ុន្តែ វាមិនត្រូវបានបើកបង្ហាញជាសាធារណៈនោះទេ។ ហើយ ជេកសិន គឺជាគ្រូពេទ្យពិសោធន៍ម្នាក់ដែលបានធ្វើការនៅទីនោះ។ ក្នុងការពិសោធន៍ អង្គការយកយកសាកសពសត្វនិងមនុស្ស ដើម្បីទៅធ្វើការពិសោធន៍ថ្នាំម្យ៉ាងដែលពួកគេរកឃើញ ដែលវាមានអនុភាពអាចធ្វើឲ្យជីវិតដែលស្លាប់អាចរស់ឡើងវិញបាន។ ពីដំបូង ជេកសិន គិតថា វាជាគម្រោងដ៏ល្អមួយ ព្រោះវាអាចជួយមនុស្សបានជាច្រើន។ " Anastasia " មានន័យថា " ការរស់ឡើងវិញ" វាត្រូវបានដាក់ឲ្យសាកសពនារីម្នាក់ដែលបានយកទៅពិសោធហើយទទួលបានជោគជ័យជាលើកទីមួយ។ នាងគឺជាមនុស្សទីមួយ ដែលបានរស់ឡើងវិញពីសេចក្តីស្លាប់។ ប៉ុន្តែ ក្រោយមកទៀត ទើបជេកសិនសង្កេតឃើញថា គ្រប់ជីវិតដែលរស់ឡើងវិញទាំងប៉ុន្មាន នោះមិនមែនល្អដូចជាគេធ្លាប់បានគិតពីមុនឡើយ។ ពួកគេក៏មិនខុសអីពីសត្វចិញ្ចឹមរបស់ឌុកទ័រ Klein ដែលជាឌុកទ័រនិងប្រធាននៃមណ្ឌលពិសោធន៍ទាំងមូលនោះទេ។ ពួកគេត្រូវផឹកឈាមជាអាហារ ដើម្បីធ្វើឲ្យបេះដូងរបស់គេលោតបន្តជារៀងរាល់ថ្ងៃ ចរិតរបស់គេក្លាយទៅជាកាចសាហាវឃោរឃៅ ហើយត្រូវស្តាប់តាមបញ្ជារបស់អង្គការទាំងអស់។ ពួកគេគ្មានការគិតផ្ទាល់ខ្លួននោះទេ ព្រោះការគិតរបស់ពួកគេត្រូវបានបញ្ជាដោយDNAដែលបានបញ្ចូលឲ្យពួកគេដោយអង្គការ។ រាល់គំនិតរបស់ពួកគេ គឺទៅលំនាំតែមួយ នោះគឺដើម្បីអង្គការ។ គ្រប់សំណើរដែលអង្គការបញ្ជូនឲ្យមកសុទ្ធតែល្អ សុទ្ធតែត្រឹមត្រូវ ហើយត្រូវតែបំពេញឲ្យអង្គការ។ កាលដែលបានឃើញបែបនេះ ជេកសិន ក៏មានគំនិតជំទាស់ ហើយគេក៏បានលាឈប់ពីមណ្ឌលពិសោធន៍នោះ។ ប៉ុន្តែ វាហាក់ដូចជាប្រលែងជាមួយភ្លើងអីចឹង។ ឌុកទ័រ Klein មិនដែលឲ្យមនុស្សដែលមានសមត្ថភាពចេញឆ្ងាយពីគេដោយងាយស្រួលបែបនេះទេ! ថ្ងៃមួយដែល ក្រុមគ្រួសាររបស់ ជេកសិន មានគ្រោះថ្នាក់ ពួកគេត្រូវបានបញ្ជូនទៅកាន់មណ្ឌលពិសោធទាំងបីនាក់។ ឌុកទ័រ Klein បានជួយជីវិត ជេកសិន ឲ្យរស់ឡើងវិញ ដោយប្រើថ្នាំរស់ឡើងវិញដែលពួកគេពិសោធបានជោគជ័យជាមួយគ្នា។ ប៉ុន្តែប្រតិកម្មនៃថ្នាំនោះ គឺនៅពេលដែលអ្នកដែលត្រូវពិសោធដឹងខ្លួនឡើងវិញភ្លាម ពួកគេនឹងមានប្រតិកម្មដូចជាសត្វសាហាវដែលស្រែកឃ្លាន ហើយអ្វីដែលពួកគេដឹងនោះ គឺពួកគេឃ្លាន ហើយពួកគេត្រូវការឈាម ឈាម! ឈាម! ពួកគេគ្មានសតិក្នុងខ្លួននោះទេក្នុងកំឡុងពេលដំបូងដែលគេបានរស់ឡើងវិញនោះ។ រឿងដែលជាវិប្បដិសារីបំផុតនៅក្នុងជីវិតរបស់គេ ក៏បានកើតឡើងនៅថ្ងៃនោះ។ នៅថ្ងៃនោះ ប្រពន្ធនិងកូនរបស់ជេកសិន មិនត្រូវបានស្លាប់ពីការក្រឡាប់ឡាននោះទេ ពួកគេត្រូវបានសង្គ្រោះបន្ទាន់ពីអង្គការ ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំរស់ឡើងវិញនោះទេ។ រីឯស្ថានភាពរបស់ជេកសិនវិញ គេបានស្លាប់បាត់ទៅហើយ! បេះដូងរបស់គេលែងដើរ ហើយគ្រឿងក្នុងរបស់គេ សួត ថ្លើម ប្រម៉ាត់ ដើមទ្រូង ត្រូវបុកយ៉ាងខ្លាំងរហូតសង្គ្រោះលែងបាន។ វិធីចុងក្រោយដែលមាន គឺមានតែប្រើថ្នាំរស់ឡើងវិញប៉ុណ្ណោះ។
(ឪពុកដ៏ឃោរឃៅ)
នៅក្នុងបន្ទប់សង្គ្រោះសម្រាប់ជេកសិន គេកំពុងដេកយ៉ាងស្តូកស្តឹងនៅលើគ្រែ។ កូនស្រីនិងប្រពន្ធរបស់គេ ឈរមើលតាមជញ្ជាំងកញ្ចក់ពីខាងក្រៅទាំងសោកសៅ។ រង់ចាំ ជេកសិន ដឹងខ្លួនឡើងវិញ។ ម៉ាស៊ីនស្ទង់បេះដូង នៅតែលោតថេរស្មើរ ឯឈាមក៏នៅតែបញ្ចូលជាបន្ត។ ឌុកទ័រ Klein ឈរនៅក្បែរប្រពន្ធនិងកូនរបស់ជេកសិន គាត់គោះស្មារបស់ ម៉ីអឺ ហើយនិយាយ៖ " ជេកសិន គេជាមនុស្សល្អ ព្រះនឹងតាមថែរក្សាគេមិនខាន"។ ថាហើយ ឌុកទ័រ ក៏ដើរចេញទៅ។ នាងតូចដែលជាកូនស្រី ក៏បានសួរទៅម្តាយ៖ " ម៉ាក់! ពេលណាទើបប៉ាដឹងខ្លួនវិញ?"។ នារីជាម្តាយញញឹមទាំងទឹកភ្នែកទៅកូន៖ " បន្តិចទៀតប៉ានឹងដឹងខ្លួនឡើងវិញហើយ"។ ប៉ុន្មានម៉ោងក្រោយមក ខ្សែនៃចរន្តបេះដូងក៏ចាប់ផ្តើមរើបឡើងជារលកៗបន្តិចម្តងៗ សម្លេង«តឺត ៗ ៗ» ដែលជាសញ្ញានៃចង្វាក់បេះដូងក៏បានឮឡើង។ ម្តាយកូនទាំងពីរដែលរៀបនឹងដើរចេញទៅហើយក៏បានត្រលប់មកវិញ។ ក្មេងតូច ជិងយិង សប្បាយចិត្តខ្លាំងណាស់ ពេលដែលឃើញប៉ាៗរបស់គេចាប់ផ្តើមកម្រើកដៃ ៖ " ម៉ាម៉ា! ប៉ាប៉ា ដឹងខ្លួនហើយ!" នាងតូចក៏ប្រញ៉ាប់រត់ទៅកាន់ច្រកទ្វារនៃបន្ទប់នោះ។ ទ្វារនោះមានលក្ខណៈពិសេសម្យ៉ាង ដែលអ្នកដែលនៅពីខាងក្រៅអាចចូលទៅបាន បើទោះបីជាគ្មានក្រយ៉ៅដៃក៏ដោយ តែចំណែកឯអ្នកពីខាងក្នុងមិនអាចចេញមកខាងក្រៅបាននោះទេបើគ្មានក្រយ៉ៅដៃឬកាត ឬគ្មានអ្នកនៅខាងក្រៅចាំជួយ។ ក្មេងស្រីតូចមិនដឹងខ្យល់អី រុញទ្វារយ៉ាងតថេះតថះចូល។ គេត្រេកអរជាខ្លាំងពេលដែលបានឃើញប៉ាគេ កម្រើក។ នារីក៏ចូលទៅតាមកូនខាងក្នុងប៉ុន្តែត្រូវបុគ្គលិកនៅមន្ទីរពិសោធន៍ឃាត់៖ " អ្នកនាងមិនអាចចូលទៅផ្តេសផ្តាសបានទេ!"។ នារីតប៖ " ប៉ុន្តែកូនស្រីខ្ញុំនៅខាងក្នុង! មិនអីទេ! ខ្ញុំគ្រាន់តែចូលទៅយកកូនខ្ញុំមកវិញតែប៉ុណ្ណោះ។" ឮដូច្នោះ បុគ្គលិកនោះក៏លែងឃាត់នាងហើយអនុញ្ញាតឲ្យចូលទៅយកកូននាងចេញមក ដោយមានគេចាំបើកទ្វារឲ្យ។ ម៉ីអឺ ចូលទៅលើកកូនមកពរនឹងដៃ៖ " ប៉ាៗនឹងដឹងខ្លួនវិញ តែ ជិងយិង ត្រូវធ្វើខ្លួនជាក្មេងល្អសិនណា៎! ស្តាប់អ្នកម៉ាក់ នោះប៉ានឹងសប្បាយចិត្ត"។ ក្មេងស្រីតប៖ " តែម៉ាក់! ប៉ាៗបើកភ្លែកហើយ!"។ គ្រាន់តែឮបែបនេះ នារីបើកភ្នែកធំៗ បែរសម្លឹងមើលទៅប្តីនាងដែលកំពុងដេកនៅលើគ្រែ។ កែវភ្នែករបស់គេមានប្រសីពណ៌សដូចជាត្រីស្ងោរ ដូចជាសាកសពដែលស្លាប់អស់រយៈពេលយូររហូតប្រស្រីភ្នែកឡើងស្រអាប់។ ដូចជាខ្មោចដែលគ្មានវិញ្ញាណទៀតអញ្ចឹង។ នាងតូចនៅបន្តសួរ៖ " ហេតុអីបានជាភ្នែកប៉ាប៉ាពណ៌សបែបនេះអញ្ចឹងម៉ាក់?"។ នារីដឹងថាសភាពការណ៍មិនសូវស្រួល នាងក៏ប្រញ៉ាប់ពរកូនរត់ចេញទៅក្រៅជាប្រញ៉ាប់។ ប៉ុន្តែគួរឲ្យសោកស្តាយ! ខ្មោចឆៅនោះ មានសកម្មភាពលឿនជាងមនុស្សធម្មតាដល់ទៅ១០ដង។ ជេកសិន ឈរនៅចំពោះមុខនារីនិងក្មេង គេចាប់គ្រវាត់អ្នកទាំងពីរទៅម្ខាង ហើយចាប់ផ្តើមបឺតឈាមប្រពន្ធរបស់គេមុន។ ចំណែកបុគ្គលិកឃើញបែបនោះក៏ចុចសញ្ញាគ្រោះថ្នាក់បន្ទាន់ដើម្បីសុំជំនួយ។ នារីជាម្តាយប្រាប់កូនឲ្យរត់ចេញទៅ តែក្មេងតូចនៅតែយំមិនទៅ ហើយស្រែកហៅ៖ " ម៉ាៗ!ប៉ាៗ! ប៉ាៗ កុំធ្វើបាបម៉ាៗអី! ជិងយិង ខុសហើយ!" ក្មេងតូចនៅតែគិតថាគេជាប៉ារបស់ខ្លួន ហើយស្រែកយំសុំអង្វរសាកសពដែលទើបតែរស់ឡើងវិញម្នាក់នេះ ទាំងគេមិនដឹងខ្លួនទេថា ពេលនេះ មនុស្សដែលនៅពីមុខគេនេះ មិនមែនជាប៉ារបស់គេឡើយ។ តែជាខ្មោចឆៅដែលស្រែកឃ្លានឈាមតែប៉ុណ្ណោះ។ កាមេរ៉ា បានថតជាប់រាល់សកម្មភាពទាំងអស់ដែលបានកើតឡើងនៅក្នុងបន្ទប់នោះ។ ជេកសិន បានសម្លាប់ប្រពន្ធនិងកូនរបស់គេដោយផ្ទាល់ដៃ គេហែកស៊ីកូនរបស់គេដូចជាសត្វខ្លាហែកស៊ីចំណីរបស់ខ្លួន។ ឈាមប្រឡាក់ពេញក្នុងបន្ទប់ ខ្ទាតទៅគ្រប់ទីកន្លែង។ កូនស្រីជាទីស្រលាញ់ ដែលគេតែងតែបីបាច់ ថែរក្សា ត្រូវបានស្លាប់យ៉ាងអណោចអធមជាទីបំផុត។ ខ្លួនប្រាណរបស់នាងតូចដាច់ចេញជាផ្នែកៗ។ ជេកសិន ខាំផ្តាច់ក្បាលរបស់កូនគេ ហើយហត់ឈាមដែលបាញ់ចេញមក ដៃរបស់គេខ្វះយកបេះដូងក្មេងមកដាក់ក្នុងមាត់ទំពារ និងខាំផ្តាច់ដៃនិងជើងរបស់ជិងយិងយកមកស៊ីសាច់ថែមទៀត។ ម៉ីអឺ ដែលមិនទាន់ផុតដង្ហើមនៅឡើយត្រូវសម្លឹងមើលរូបដ៏ឃោរឃៅដែលប្តីរបស់ខ្លួនកំពុងស៊ីកូនរបស់ពួកគេយ៉ាងព្រៃផ្សៃ «កុំ!កុំអី ជេកសិន!» ទឹកភ្នែករបស់ស្ត្រីជាម្តាយស្រក់មកដូចទឹកភ្លៀងតែខ្លួនបែរជាធ្វើអ្វីមិនបាន ព្រោះត្រូវបានបឺតឈាមស្ទើរអស់ពីខ្លួនទៅហើយ សូម្បីតែកំរើកខ្លួនក៏មិនបានដែរ។ រូបភាពចក្ខុរបស់គេស្រវ៉ាងបន្តិចម្តងៗ ហើយជីវិតដ៏កំសត់របស់គេក៏ត្រូវបានផុតទៅនៅពេលនោះ។ នៅពេលដែល ឌុកទ័រ Klein និងអ្នកដទៃទៀតមកដល់ អ្វីៗបានហួសពេលអស់ទៅហើយ។ ពេលដែលជេកសិនដឹងខ្លួនឡើងវិញ កែវភ្នែករបស់គេក៏ប្រែពីពណ៌សទៅជាពណ៌ស្វាយ។ គេចាប់ផ្តើមមានសតិឡើងវិញ ហើយអ្វីដែលគេឃើញគឺសុទ្ធតែឈាមពណ៌ក្រហមប្រឡាក់ពេញខ្លួនរបស់គេ ដៃរបស់គេ និងមុខរបស់គេ។ នាយសម្លឹងមើលជុំវិញខ្លួនទាំងចម្ងល់ ហើយក៏បានឃើញប្រពន្ធរបស់គេដេកស្លាប់នៅក្បែរនៅក្បែរនោះ ដោយករបស់នាងប្រឡាក់សុទ្ធតែឈាម។ ជេកសិន ក៏ប្រញាប់ទៅលើកប្រពន្ធឡើងដោយភិតភ័យ៖ " ម៉ីអឺ! មានរឿងអីកើតឡើង ហេតុអីក៏អូនក្លាយជាបែបនេះ?" ។ ស្របពេលជាមួយគ្នានោះ គេក៏បានឃើញពោះវៀនពូតាំងនៅក្បែរខ្លួនគេ នាយក៏រឹតតែភិតភ័យជាខ្លាំង គេថយខ្លួនទៅក្រោយ តែអ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះ គឺគេឃើញក្បាលរបស់កូនស្រីគេនៅក្នុងថ្លុកឈាម ដៃនិងជើងរបស់នាងដាច់រប៉ាត់រប៉ាយ។ ជេកសិន គ្រវីក្បាលហើយស្រែកយំ៖ " ទេ!ទេ!មិនអាចទៅរួចទេ! ខ្ញុំមិនបានធ្វើវាទេ! ខ្ញុំមិនបានធ្វើវាទេ! ខ្ញុំមិនបានធ្វើទេ!" បុរសស្រែកទ្រហោរយំហើយខ្ទប់ត្រចៀករបស់គេ គ្រវីក្បាលដូចមនុស្សឆ្កួត៖ " ជិងយិង! ឲ្យប៉ាសុំទោស! ប៉ាគ្មានចេតនាទេ ជិងអឺ! ឲ្យប៉ាសុំទោស!"...។
តាំងពីពេលនោះមក គេមិនដែលលើកលែងទោសឲ្យខ្លួនឯងនោះទេ។ គេជាឪពុកដ៏អាក្រក់បំផុត គេចង់ស្លាប់ឲ្យបាត់ពីពិភពលោកនេះ តែគេមិនអាចស្លាប់បាន។ គេត្រូវរស់ជាមួយនិងស្រមោលបន្លាចនេះជារៀងរហូត។
(អ្នកជម្ងឺគ្រោះថ្នាក់ចរាចរណ៍)
ពេលដែលគេនឹកឃើញដល់រឿងនេះម្តងៗ គេមានអារម្មណ៍សោកសៅយ៉ាងខ្លាំង។ បុរស អង្គុយយ៉ាងស្រងូតស្រងាត់នៅទីធ្លាសួនច្បារនៃមន្ទីរពេទ្យ ប៉ុន្តែគេមិនអាចឲ្យទឹកភ្នែករបស់គេហូរតែផ្តេសតែផ្តាសបាននោះទេ។ ការរស់ឡើងវិញបានធ្វើឲ្យគេមិនចាស់ទៅតាមអាយុរបស់គេ តែក៏មិនមែនមានន័យថា គេជាមជ្ឈិមវ័យទៀតដែរ។
ពិសាល ដើរកាត់នោះឃើញគ្រូរបស់គេ ក៏ប្រុងដើរទៅរកនិយាយលេងជាមួយ ក៏ប៉ុន្តែត្រូវកាត់ដំណើរដោយគិលានុបដ្ឋាយិការម្នាក់មកប្រាប់គេឲ្យទៅពិនិត្យរបួសអ្នកជម្ងឺ។ " លោកគ្រូពេទ្យពិសាល! ជួយទៅពិនិត្យអ្នកជម្ងឺបន្តិចទៅ គាត់គ្រោះថ្នាក់ចរាចរណ៍" នារីនិយាយ។ ពិសាលងក់ក្បាលយល់ព្រម ហើយក៏ដើរទៅជាមួយនិងនាងទៅ។ ទៅដល់ខាងក្នុងបន្ទប់ មានអ្នកជម្ងឺជាច្រើនដេកលើគ្រែតម្រាបគ្នាខ័ណ្ឌចែកដោយវាំងនន នារីជាគិលានុប្បដ្ឋាយិការបង្ហាញប្រាប់ដល់ពិសាល។ ពេលដែលចូលទៅដល់ គេឃើញកម្លោះសង្ហារម្នាក់ កំពុងដេកថ្ងូរដោយជើងមានរបួសស្មងនិងក្បាលជង្គង់។ រូបរាងមុខមាត់ស្រស់ស្អាត ប៉ុន្តែបែរជាមានចរិតឆ្មើងឆ្មៃបន្តិច។ ពេលដែលគេឃើញគ្រូពេទ្យមកពិនិត្យគេក្មេងបែបនេះ នរៈក៏និយាយទៅភ្លែត៖ " គ្មានពេទ្យណាផ្សេងទេ? យកគ្រូពេទ្យទើបតែចុះស្តារបែបនេះមកពិនិត្យរបួសខ្ញុំ ចុះបើវារឹតតែមានស្ថានភាពអាក្រក់ទៅ ធ្វើយ៉ាងម៉េចទៅ?"។ ពិតមែនហើយ! ពិសាល ពិតជានៅក្មេងមែន គ្មាននរណាជឿគេថា គេមានបទពិសោធព្យាបាលអ្នកជម្ងឺនោះទេ។ ចំណែកឯបុរសម្នាក់នេះ មើលទៅគេក៏មិនចាស់ប៉ុន្មានដែរ អាយុត្រឹមតែខ្ទង់ម្ភៃជាងតែប៉ុណ្ណោះ តែមើលទៅការស្លៀកពាក់និងចរិតឫកពារបស់គេក៏ប្រហែលជាមិនមែនជាកូនអ្នកក្រដែរ។ ពិសាល នៅស្ងៀមបន្តិច ហើយក៏និយាយតបវិញ៖ " របួសរបស់លោកប្រហែលជាត្រូវកាត់ជើងចេញ..."។ " អា្ហស៎?!!" បុរសតបវិញភ្លាមៗកាត់សម្តីពិសាល។ " បើសិនជាលោកមិនព្រមប្រញ៉ាប់ឲ្យគ្រូពេទ្យពិនិត្យនៅពេលនេះទេ ខ្ញុំខ្លាចថាគ្មាននរណាអាចជួយលោកបាននោះទេ" ពិសាលតប។ បុរសម្នាក់នោះនៅតែចចេះដោយសួរថា៖ " ចុះឌុកទ័រផ្សេងទៀតនៅឯណា?"។ ពិសាល តបទាំងកាន់យកសៀវភៅមកសរសេរអាការៈរបស់អ្នកជម្ងឺផង៖ " គ្រូពេទ្យផ្សេងទៀតជាប់រវល់មើលអ្នកជម្ងឺផ្សេងទៀតក្រៅពីលោក។ លោកឈ្មោះអី?"។ បុរសខឹងចិត្តបន្តិចដែរ ប៉ុន្តែដោយឮថាត្រូវកាត់ជើងចេញ គេក៏មិនចង់អូសបន្លាយពេលច្រើន ម្យ៉ាងវាមិនខុសគ្នាប៉ុណ្ណានោះទេ បើគ្រូពេទ្យម្នាក់នេះមើលគេមិនជា នៅមានគ្រូពេទ្យជាច្រើនទៀត។ ចាំដល់ពេលនោះចាំគិតក៏បាន តែពេលនេះត្រូវដោះស្រាយបញ្ហាចំពោះមុខសិន។ បុរសក៏តបទៅទាំងគំរោះគំរើយ៖ " រឹទ្ធី"។ ពិសាល៖ " សុំឈ្មោះពេញ"។ បុរស៖ " វង្ស សុវណ្ណរឹទ្ធី"។ ពិសាល ក៏សរសេរចូលក្នុងក្រដាស «វង្ស សុវណ្ណឫទ្ធី» ។ ពិសាលបន្តសួរ៖ " លោកអាយុប៉ុន្មានហើយ?"។ រឹទ្ធី ៖ " 26ឆ្នាំ"។ ពិសាល កត់ចូលហើយ គេក៏ចាប់ផ្តើមរៀបចំមើលរបួសឲ្យបុរស។ ខណៈពេលដែលមើលរបួសរួចហើយ ដល់ពេលដែលត្រូវរុំរបួស ពិសាល ក៏ធ្វើវាដោយផ្ទាល់ដៃ។ នរៈរុំប៉ង់ស្មង់ឲ្យបុរសយ៉ាងស្ងៀមស្ងាត់។ រឹទ្ធី ដែលមិនសូវជាពេញចិត្តនិងគ្រូពេទ្យប៉ុន្មានកាលពីមុននោះ ពេលនេះគេក៏មិនសូវប្រកាន់ប៉ុន្មានទៀតដែរ។ សម្លឹងមើលទៅគ្រូពេទ្យសង្ហារម្នាក់នេះ វាក៏មិនធ្វើឲ្យគេឈឺភ្នែកដែរមែនទេ? ស្របពេលដែលពិសាលសម្លឹងមើលទៅលើវិញក៏ប៉ះចំខ្សែភ្នែកគេ បុរសនៅស្ងៀមសម្លឹងចំប៉ុន្មានវិនាទី រួចទើបសួរ៖ " លោកទៅធ្វើអ្វីបានជារងរបួសបែបនេះ?"។ រឹទ្ធី បែរមុខចេញ គេមិនមែនរបួសតែជើងនោះទេ គេក៏របួសដៃខាងស្តាំដូចគ្នា។ ហើយពេលនេះ ដៃរបស់គេខាងស្តាំក៏ជាប់ប៉ង់ស្មង់កម្រើកមិនរួច មិនខុសពីជើងខាងឆ្វេងរបស់គេនោះទេ។ រឹទ្ធីតប៖ " ខ្ញុំមិនបានធ្វើអីទេ! គ្រាន់តែលេងកីឡាបន្តិចបន្តួច"។ ពិសាល៖ " កីឡាអ្វីទៅ? ហែលទឹក?"។ រឹទ្ធី៖ " ប្រណាំងម៉ូតូ"។ ពិសាល ដកដង្ហើមធំហើយរុំប៉ង់ស្មង់ឲ្យគេបន្ត៖ " ជូនពរឲ្យលោកប្រណាំងឈ្នះលើកក្រោយ។ ប៉ុន្មានលើកនេះ លោកត្រូវដេកពេទ្យយ៉ាងតិចណាស់ក៏មួយអាទិត្យដែរ។ តើលោកមានសាច់ញាតិណាមកមើលដែរឬទេ?"។ គ្រាន់តែឮដល់ពាក្យសាច់ញាតិភ្លាម ទឹកមុខរបស់រឹទ្ធីក៏ប្រែប្រួល បុរសប្រញ៉ាប់ឆ្លើយយ៉ាងលឿន៖ " អត់ទេ! ខ្ញុំគ្មានសាច់ញាតិទេ។ មិនត្រូវការឲ្យនរណាមកមើលថែទាំនោះទេ។ និយាយអញ្ចឹង នៅមន្ទីរពេទ្យលោកមានគិលានុប្បដ្ឋាយិការណាស្អាតៗដែរឬទេ?" បុរសសួរទៅទាំងញញឹមខ្ជឹប។ ចំណែកពិសាល ដឹងគំនិតអាក្រក់របស់បុរស គេក៏ធ្វើជានិយាយ៖ " មានតែមនុស្សប្រុស។ មានតែពេទ្យជំនួយជាមនុស្សប្រុសទេ ដែលអាចនៅមើលថែលោកជាប្រចាំបាន។ លោកស្តាយផង!"។ រឹទ្ធី ក៏មិនប្លែកចិត្ត គេក៏បន្ត៖ " មនុស្សប្រុសក៏បាន! តែសុំនរណាដែលមិនធ្វើឲ្យខ្ញុំឈឺភ្នែកពេលមើលទៅគេណា៎ ប្រហែលលោកក៏បានដែរ"។ ឮបែបនោះពិសាលក៏បន្ថែមកម្លាំងលើការរុំកាន់តែខ្លាំង ធ្វើឲ្យរឹទ្ធីស្រែកឡើង រួចទើបគេសុំទោសជាក្រោយ។ ក្នុងចិត្តគេគិតថា មិននឹកស្មានថាអ្នកជម្ងឺរបស់ខ្ញុំជាមនុស្សស៊ីមិនរើសមុខបែបនេះទាល់តែសោះ ពិតជាហួសចិត្តមែន។ " រួចរាល់ហើយ!" ពិសាល និយាយ " ចាំខ្ញុំឲ្យគេទៅបើកថ្នាំឲ្យលោក"។ រៀបនឹងបែរទៅ រឹទ្ធី ក៏ចាប់ជាយអាវពណ៌របស់គេជាប់៖ " ឈប់!" ពិសាលបែរមកវិញ៖ " មានការអីដែរ?"។ រឹទ្ធី៖ " តាមដែលខ្ញុំចាំ ខ្ញុំស៊ីញ៉េកក់បន្ទប់វីអាយភី មិនមែនទីនេះទេ!"។ ពិតមែនហើយ! កូនអ្នកមានដូចជាគេ តើឲ្យគេមកដេកសម្រាកព្យាបាលនៅជុំគ្នាបែបនេះ គេម្តេចនឹងសុខចិត្ត? ពិសាល យល់ព្រម ហើយសន្យានឹងឲ្យគេជួយផ្លាស់ប្តូរបន្ទប់ឲ្យអ្នកជម្ងឺម្នាក់នោះ។ ពេលគេដោះស្រាយជាមួយនាយម្នាក់នោះហើយ គេក៏បានធូរចិត្តពេលដែលបានចេញមកក្រៅ។ នរៈរអ៊ូម្នាក់ឯង «រោគចិត្ត!» ហើយក៏ដើរទៅបំពេញការងារផ្សេងទៀតទៅ។