Ficool

Chapter 12 - វង្ស សុវណ្ណឬទ្ធី

វេលាចុងសប្តាហ៍មានរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ ក៏ជាថ្ងៃសម្រាកកាងាររបស់អ្នកជំនួញម្នាក់នេះដែរ។ គេជ្រើសរើសយកដំណើរលំហែរជាបឹងធម្មជាតិមួយស្ថិតនៅជាយក្រុង។ នាពេលចុងសប្តាហ៍មកដល់ មនុស្សម្នាជាច្រើនក៏មកដើរលំហែរទីនេះដូចគ្នា ដើម្បីបានស្រូបស្រង់ខ្យល់អាកាសធម្មជាតិ មិនមែនជាផ្សែងឡាន ម៉ាស៊ីន ធមខ្មួរក្នុងទីក្រុងឡើយ។ បុរសអភិជនដែលគ្រោងក្នុងសម្លៀកបំពាក់ស៊ីវិលធម្មតាលំហែអារម្មណ៍តាមមាត់បឹងតែម្នាក់ឯងនោះ គឺ វង្ស សុវណ្ណឫទ្ធី ដែលជាម្ចាស់សណ្ឋាគារ សុវណ្ណ ហូថែល។ ទេសភាពធម្មជាតិដ៏ប្រិមប្រិយ ទាក់ទាញស្មារតីឲ្យនឹករលឹកតែរឿងល្អៗ។ បុរសបណ្តែតអារម្មណ៍ទៅតាមខ្យល់វាយោរដែលបក់រំហើយមក ប៉ះលើកាយារបស់គេ។ នៅទីនោះផងដែរ ក៏មានក្រុមយុវតីមួយក្រុមកំពុងឈរថតរូបselfieជាក្រុម បង្អួតភាពស៊ីវីល័យរបស់ពួកគេ ទៅតាមបណ្តាញសង្គមនានាដែលតាមតែនិយម។ បុរសអភិជនចរយាត្រាដោយថ្មើរជើងទៅមុខជានិច្ចដើម្បីប្តូរបរិយាកាស។ ចក្ខុរបស់គេក្រឡេកទៅមើលទេសភាពថ្ងៃរសៀលដែលមានពន្លឺក្រហមទំ ជះទៅលើរុក្ខជាតិនិងសំណង់នានា ប្រៀបបានដូចជាទីដែនសុវណ្ណ។ ធម្មជាតិត្រកាលបែបនេះ មិនសម្លឹងមិនអស់ចិត្ត។ វង្ស សុវណ្ណឫទ្ធី ជក់ភ្នែកសម្លឹងមើលទេសភាព ក៏មិនចាប់អារម្មណ៍ដល់ដំណើរនារីសម័យតិចណូឡូជីម្នាក់ ដែលដៅក្នុងដៃមានកាន់ការ៉េមពីរ បីដើម។ គេដើរលឿនដូចហោះ ឯចក្ខុរបស់គេក៏ប្រហែលមិនចាប់អារម្មណ៍ដូចគ្នា ព្រោះរវល់តែផ្តោតសម្លឹងទៅក្រុមមិត្តភក្តិដែលកំពុងថតរូបលេងនោះ។ ឫទ្ធី ដើរទើមៗ ព្រោះរវល់តែផ្ចង់មើលទេសភាពសាយណ្ណកាល តែបែរជាមកត្រូវផ្តាច់សង្វាក់ត្រឹមមនុស្សស្រីម្នាក់ដែលដើរមកប៉ះគេ ធ្វើឲ្យសម្លៀកបំពាក់គេប្រឡាក់ដោយបឺរការ៉េម។ " អូ! សុំទោសលោក ខ្ញុំគ្មានចេតនាទេ!!" នារីក៏បែរមករកបុរសដែលរងគ្រោះនោះ និងសូមអភ័យទោសពីគេតែ...«គឺនាង!!»។ នារីបើកភ្នែកធំៗ ព្រោះជាមនុស្សធ្លាប់ស្គាល់គ្នាកាលពីមុនមក... «គឺលោក!!» ។ បុរសក៏ពោលទៅភ្លាមមិនបង្អង់មាត់៖«បែកគ្នាយូរហើយ នៅដដែល!»។

ការពិតអ្នកទាំងពីរធ្លាប់ស្គាល់គ្នាពីមុនមក ហើយក៏ធ្លាប់ជា...

 « យ៉ាងម៉េច?! ហ៊ឹះ មនុស្សតក់ម៉ក់ទុយមុយរុយទំមិនបក់ ចរិតអាក្រក់ សម្តីអាក្រក់ ឫកឆ្មើងកន្ត្រើងរឹងត្អឹង សម្លឹងមិនដាក់ សម្តីមិនធ្លាក់ កំណាញ់គ្រប់យ៉ាង។ ក្អេងក្អាង អាងអំណាចមិនខ្លាចអ្នកណា ធ្វើឫកពារដូចជាទេវតា កាន់ឫកអស្ចារ្យដូចជាទេវតាធ្លាក់ពីលើមេឃ»

គ្រាន់តែជួបគ្នាមិនទាន់ដល់មួយនាទីផង នារីសម័យថ្មីម្នាក់នេះក៏ប្រាជ្ញដៀលទៅកាន់បុរសមួយកំផ្លេទៅហើយ ទាំងគេមិនបានស្តីមួយម៉ាត់។

ឫទ្ធី ឈរក្រព័តដៃ រងចាំស្តាប់ពាក្យតិះជេររបស់នាងទាំងអស់។ «ឆ្អែតនៅ?!» បុរសសួរបញ្ជាក់។ នាងនៅស្ងៀម ទើបគេបន្តទៅវិញប្រាវ៖

« មនុស្សស្រីសម្តីចច្រាច ចរិតគួរឲ្យខ្លាច កាចដូចខ្លា សម្លេងស្អកៗដូចទាកាប៉ា ក្បាលខ្លី សម្តីច្រើន ឫកផ្គើន មិនខ្លាចនរណា មាត់វៀចចិត្តវេរ ពូកែជេរមិនចេះចាញ់ មុខធំសក់ក្រញ៉ាញ់ កំណាញ់ខ្លួន។ ចូលចិត្តឲ្យគេជួយ ពូកែរំអ៊ួយតែធ្វើជាមាំមួន ចង់ប្រជែងឈ្នះគេ យកជេរជាក្បួន មិនចេះទន់ភ្លន់ដូចស្រីឯណា! មាយាច្រើនល្បិចរាប់ពាន់ ដៃភ្លើងជើងមាន់ អន់ខុសតម្រា បើនរណាបានជាសង្សារ រកពេទ្យព្យាបាលទុកឲ្យហើយទៅ!»

នារីខាំមាំ ក្តាប់ដៃក្រញែងខ្លួន ព្រោះពាក្យពេចន៍សំណួនផ្លែផ្ការបស់បុរសដែលចោលមកនាងទាំងដុំៗ មិនចាញ់ពាក្យដែលនាងថាឲ្យគេប៉ុន្មានទេ។ 

 " វង្ស ឫទ្ធី! លោកឯងហ៊ានជេរខ្ញុំផង?!!"

 " យ៉ាងម៉េច?!" បុរសតប។

 " លោក..."

 " អ្នកនាងធំដ៏ពូកែអើយ! និយាយលែងចេញហើយអ្ហេស៎?!"

 " ខ្ញុំស្អប់លោកឯងណាស់ វង្ស ឫទ្ធី! ខ្ញុំមិនចង់ជួបមុខលោកឯងទេ!!"

បុរសដើរទៅជិតនាងទាំងចងចិញ្ចើម ហើយលើកបង្ហាញសម្លៀកបំពាក់ដែលប្រឡាក់ទៅដោយបឺររបស់គេ ដែលនាងបានធ្វើឲ្យវាទៅជាបែបនោះ។

 " ចុះនេះស្អីគេ?! ឬមួយក៏នាងមានបំណងធ្វើវាឡើង?"

នារីអភិជនស៊ីវីល័យរូបនេះ ក៏នៅស្ងៀមមិនស្តី ព្រោះគេដឹងច្បាស់រួចទៅហើយពីកំហុសរបស់គេ។ នាងសម្លក់ទៅគេ ដែលគេព្យាយាមបង្ហាញខោអាវប្រឡាក់របស់គេ ព្រោះតែនាង។ បុរសសម្លឹងមកនាងទាំងមិនសោមនស្ស។ ដៃដែលទទេស្អាតរបស់នាង ដែលព្រោះបានបោះការ៉េមនោះចោលអស់ខណៈពេលដែលនាងក្តៅស្លឹកត្រចៀកនឹងពាក្យមុសារតបរបស់បុរស ក៏លូកទៅទាញយកកន្សែងដៃផ្ទាល់ខ្លួនហុចឲ្យទៅឫទ្ធី «យកទៅជូតទៅ! សុំទោស!»។ នរៈកញ្ឆក់យកកន្សែងនោះមកទាំងក្រញ៉ូវមុខ ហើយទើបយកមកជូតថើរៗលើកន្លែងប្រឡាក់ទាំងអស់នោះ។ «ខ្ញុំទៅហើយ!» នារីក៏បែរខ្លួនដើរចេញ។ «ផន សាយភីន!» ឫទ្ធី ហៅឈ្មោះរបស់នាងពេញៗមាត់តែម្តង ទាំងត្រកូល ទាំងឈ្មោះ។ ព្រោះពួកគេស្គាល់គ្នាច្បាស់ ដោយសារតែកាលពីអតីតកាល គេធ្លាប់ជាមិត្តរួមថ្នាក់ដែលបានទៅសិក្សានៅក្រៅប្រទេសជាមួយគ្នា។ នារីបែរត្រលប់មកវិញទាំងមិនស្រណុកចិត្ត «យ៉ាងម៉េច??»។ បុរសបោះកន្សែងឲ្យទៅនាងវិញ រួចពោល៖«យករបស់នាងទៅវិញទៅ! ខ្ញុំមិនត្រូវការទេ»។ នាងខាំមាត់ជិននិងនាយរួចក៏ដើរចេញបាត់ទៅ។

 " ឯណា Ice-Cream? សាយភីន!"

 " Ice-Cream យើងទិញឲ្យហើយ តែបែរជាជួបមនុស្សកំពូលស៊យ!"

នារីជាមិត្តយកដៃខ្ទប់មាត់ បើកភ្នែកធំៗ ព្រោះគេប្រហែលជាបានដឹងខ្លះៗ ពីអ្នកដែល សាយភីន នារីហាយសូនិយាយដល់៖

 " កុំប្រាប់ណា៎ ថាឯងជួបលោកឫទ្ធី?!"

 " ពិតមែនហើយ មាននរណាទៀត! ក្រៅពីអាតាប៉ិឆ្មើងកន្ត្រើងម្នាក់ហ្នឹង!"

ម៉ានីយ៉ាជាមិត្តភក្តិនោះស្រាប់តែអរកញ្ឆែង ពេលដែលបានឮថាជាគេ «ឯណា?ឯណាទៅសាយភីន? យើងចង់ឃើញគាត់ណាស់! បុរសដែលមានរូបរាង្គសង្ហារ មានក៏មាន។ អ្ហើយ! យើងចង់ជួបគាត់ណាស់»។ស្របពេលដែលនារីជាមិត្តម្នាក់ទៀតពោលបន្ថែម «នែ៎ ភីន! ឯងម៉េចក៏ថាឲ្យគេអាក្រក់ៗម្ល៉េះ? ពួកឯងអ្ហាស៎ មិនចេះត្រូវគ្នាសោះ! តាំងពីនៅស្រុកក្រៅ! មកដល់ស្រុកខ្មែរហើយ មកជួបគ្នាឈ្លោះគ្នាទាល់តែបាន»។ សាយភីន ក្រម៉ូវមុខ ក្រព័តដៃរួចឆ្លើយប្រកែកទៅផាំង៖

 " យើងមិនចង់ជួបគេប៉ុន្មានទេ! មនុស្សអីពិបាកនិយាយចូល"

 " ប៉ុន្តែយើងចាំថា ក្រោយពីគេប្តូរមហាវិទ្យាល័យហើយ ឯងនេះក៏នឹកគេដែរ"

 " មិនបានទេ! យើងនឹកបងពិសិដ្ឋទៅវិញទេ!"

 " ហឺម...បានៗ! យើងឈប់និយាយហើយ យ៉ាងណាក៏និយាយមិនដែលឈ្នះឯងស្រាប់ទៅហើយ"។

សាយភីន ញាក់ចិញ្ចើម ពេបមាត់ព្រោះវាជាការពិតដែលថាមិតភក្កិនិយាយមិនដែលឈ្នះគេឡើយ។ នារីលើកទូរស័ព្ទដៃមក ចុចទៅបុរសកំពូលស្នេហ៍...

 " ហេឡូ បងពិសិដ្ឋ!"

 " បាទ" សម្លេងបុរសតបមកវិញកដោយស្រទន់ និង សុភាពរាបសារជានិច្ចសម្រាប់នាង។ សាយភីន ឆ្លើយតបទៅវិញទាំងទឹកមុខអៀនប្រៀនតែទន់ភ្លន់...

 " គឺអូន...អឺម..."

បុរសក៏និយាយជំនួសពាក្យដែលនាងមិនទាន់និយាយ " អូននឹកបងណាស់ បងសម្លាញ់! បងថាត្រូវទេ?"

 " ចាស" នារីសើចកខិក ធ្វើឲ្យមិត្តនៅជុំវិញខ្លួនព្រឺសម្បុរអស់ហើយ។

 " បងក៏នឹកអូនដូចគ្នា ម្ចាស់ចិត្តបង! ពេលនេះអូននៅទីណា?"

 " អូននៅជាមួយមិត្តភក្តិ មកដើរលេង។ បន្តិចទៀតទៅផ្ទះវិញហើយ"

 " បងចង់ជួបអូនណាស់"

ពាក្យផ្អែមល្អែមបែបនេះធ្វើឲ្យនារីអៀនខ្មូរមុខអស់ហើយ។ សាយភីនក៏ឆ្លើយទៅ " កុំអី!"។ ឯនារីជាមិត្តទាំងពីរក៏កេះសាយភីន ហើយខ្សឹប " ឲ្យមកមក៍!" តែនាងគ្រវីក្បាល ហើយឆ្លើយតបទៅសង្សារបន្ត៖ " អូនគិតថា បន្តិចទៀតនឹងទៅផ្ទះវិញហើយ ម្យ៉ាងព្រះអាទិត្យក៏លិចដែរហើយ!"

 " អញ្ចឹងមិនអីទេ។ បងស្រលាញ់អូន!"

 " អូនក៏ស្រលាញ់បងដូចគ្នា"

More Chapters