Ficool

Chapter 4 - ខ្ញុំនៅរស់ទេ?

(ក្មេងស្រីដែលចង់ស្លាប់)

ពេលដែលនួងបើកភ្នែកឡើង ពន្លឺសក្បុសចាំងចូលមកកែវភ្នែករបស់គេ វាជាភ្លើងអំពូលដែលដាក់ជាប់ពិដានដើម្បីបំភ្លឺក្នុងបន្ទប់។ រូបភាពស្រពិចស្រពិលចាប់ផ្តើមរសាត់បាត់បន្តិចម្តងៗ។ នារីរេរភ្នែកសម្លឹងមើលជុំវិញខ្លួនទាំងឆ្ងល់ថា " ទីនេះជាកន្លែងណា?" ហើយព្យាយាមកម្រើកដៃ ទើបដឹងថាដៃរបស់នាងនៅជាប់សារ៉ូម។ ហត្ថាដែលទំនេររបស់នាងព្យាយាមលើកមកដើម្បីដកបំពង់អ៊ុកស៊ីសែនចេញពីមុខរបស់នាង។ នួងព្យាយាមដកដង្ហើមដោយខ្លួនឯង ខ្លួនរបស់នាងស្ពឹកស្រពន់អស់ទៅហើយ​ «ម៉ាក់!ប៉ា!» ពាក្យដែលនាងនិយាយមុនគេពេលដែលនាងដឹងខ្លួន គឺមនុស្សពីរនាក់ដែលបានបោះបង់នាងចោល។​ ភាពតូចចិត្តក៏ចូលមកដល់ភ្លាម ធ្វើឲ្យនាងតូចរបស់យើងយំត្រសិតយ៉ាងតូចចិត្តពីវាសនារបស់ខ្លួន ហើយនិយាយទាំងទឹកភ្នែកកំពុងហូរ៖ " ហេតុអីក៏មិនយកខ្ញុំទៅផង? ហេតុអីទុកខ្ញុំឲ្យនៅរស់ទៀតធ្វើអី?"។ " អេ៎!!​ ខ្ញុំខំវះកាត់ព្យាបាលឲ្យនាងហត់សឹងអី! ឲ្យពួកគាត់យកនាងទៅស្រួលៗបែបនេះម៉េចនឹងបាន?" លោកវេជ្ជបណ្ឌិតរូបសង្ហារ ជេកសិន​ និយាយទៅនួង។ គេបានអង្គុយរង់ចាំមើលនាងនៅទីនេះមិនដឹងជាយូរប៉ុណ្ណាហើយនោះទេ​​ តែនួងមិនបានដឹងព្រោះមិនបានសម្លឹងមើលខាងស្តាំដៃក្បែរគ្រែរបស់នាង។ នារីសម្លឹងមើលទៅបុរសដែលនៅក្នុងឈុតគ្រូពេទ្យពណ៌សដូចទេវតា បុរសម្នាក់នេះហើយដែលបានជួយជីវិតគេពីការស្លាប់ ជាបុរសដែលនាងគួរតែអរគុណក្រៃលែង។

នួង៖ " គ្រូពេទ្យ!"

ជេកសិន៖ " ហឹស? ចង់អរគុណខ្ញុំមែនទេ? មិនអីទេៗ! មិនបាច់គុណស្រ័យអីទេ!"

នួង៖ " លោកបំផ្លាញជីវិតខ្ញុំអស់ហើយ!!" នាងតូចយំកាន់តែខ្លាំងឡើង ហើយនិយាយទាំងសសិត " ខ្ញុំខំរត់ទៅរងគ្រាប់កាំភ្លើង មិនមែនដើម្បីតែបទពិសោធន៍ថ្មីម្យ៉ាងទេ! តែខ្ញុំចង់ស្លាប់! ខ្ញុំចង់ស្លាប់! ហេតុអីក៏លោកជួយខ្ញុំ? ហេតុអី? លោកធ្វើឲ្យខូចផែនការខ្ញុំអស់ហើយ! អ្ហា៎..."

ពេលដែលឃើញអ្នកជម្ងឺចង់ស្លាប់បែបនេះ គ្រូពេទ្យជំនាញដូច ជេកសិន កប់យោបលរកពាក្យអ្វីមកថ្លែងពុំបាន។ គេខំជួយមនុស្សមួយគគោក មានតែអ្នកអរគុណ ដឹងគុណគេគ្រប់គ្នា មិនមាននរណាមកបន្ទោសគេបែបនេះនោះទេ។ ចុះហេតុអីពេលនេះ​ គេក្លាយជាមនុស្សចង្រៃបំផ្លាញផែនការស្លាប់របស់គេបែបនេះ? ឬក៏ពីមុនការសង្គ្រោះជីវិតមនុស្សរបស់គេ ក៏ជាផ្នែកមួយនៃការបំផ្លាញផែនការរបស់អ្នកដទៃដែរ? ផែនការរបស់យមរាជ្យដែរមែនទេ? ហេតុអីចិត្តមនុស្សពិបាកស្មានយ៉ាងនេះ? វេជ្ជបណ្ឌិត ជេកសិន សម្លឹងទៅនួងដែលកំពុងតែយំសសិត ហើយនិយាយ៖ " មិនអីទេ! បើនាងចង់ស្លាប់ ចាំខ្ញុំជួយនាងក៏បានដែរ!"។ បុរសក៏រៀបរាប់បន្ត៖ " តើនាងចង់ស្លាប់របៀបណា? ស្លាប់របៀបមនុស្សធម្មតា ស្លាប់របៀបហេរ៉ូ ស្លាប់របៀបសប្បុរសធម៌ ឬរបៀបណាដែលនាងគិតឃើញ?"។

"លោកគ្រូ!!" ពិសាលដើរចូលមក ស្របពេលដែលឮគ្រូរបស់គេរៀបរាប់ពីរបៀបនៃការស្លាប់ដល់នួង។ វេជ្ជបណ្ឌិតជេកសិន ស្រដីទៅពិសាលទាំងមិនសុខចិត្ត៖ " ពិសាល! ឯងមើលចុះ អ្នកជម្ងឺរបស់ឯងគេមិនចង់រស់នោះទេ! ហើយលោកគ្រូទៅជាអ្នកខុសដែលជួយជីវិតគេទៅវិញ"។ នរៈសម្លឹងមើលទៅនួង ហើយត្រលប់មកនិយាយជាមួយគ្រូរបស់គេវិញ៖ " មិនអីទេ! ចាំខ្ញុំនិយាយជាមួយគេ។ លោកគ្រូត្រជាក់ចិត្តសិនទៅណា"។ ថាហើយនរៈក៏ដើរមកជិតនួង ឯចំណែកលោកគ្រូជេកសិនវិញឱបដៃខឹងចិត្តដូចជាកូនក្មេង បើទោះបីជាគេអាយុច្រើនហើយក៏ដោយ។

ពិសាល៖" នួង! ពេលនេះនាងលែងអីហើយ! ហើយចំណែកបញ្ហាផ្សេងៗក៏បានដោះស្រាយ​ហើយដូចគ្នា!"

បញ្ហាផ្សេងៗដោះស្រាយហើយ? បញ្ហាផ្សេងៗដោះស្រាយហើយ? នួងឮបែបនេះក៏បែរមកនិយាយជាមួយបុរសវិញភ្លាមទាំងឧទាន «បញ្ហាផ្សេង?»។ ពិសាលញញឹមហើយស្រដីបន្ត៖ " នាងមកដល់ចំនុចនេះដោយសារនរណាគេ?" បុរសសម្លឹងទៅនារីដោយកែវភ្នែកស្រទន់ " ពេលនេះ ក្មេងស្រីតូចនោះទទួលបានជំនួយសប្បុរសធម៌ អាចធ្វើការវះកាត់បានហើយ"។ នួងក្រោយពីបានឮបែបនោះ សប្បាយចិត្តជាខ្លាំង ទើបនាងសួរបញ្ជាក់ទៅបុរសវិញទាំងរំភើប៖ " តើនរណាទៅ? តើនរណាជាអ្នកជួបឧបត្ថម្ភដល់នាងទៅ?"។ ពិសាលសម្លឹងមើលទៅវេជ្ជបណ្ឌិតជេកសិនដែលនៅក្បែរនោះ ដែលគាត់កំពុងតែធ្វើព្រងើយងរង៉ក់ដូចជាកូនក្មេងព្រោះខឹងចិត្តនឹងនួង។ កាលដែលដឹងថាពិសាលសម្លឹងទៅគាត់បែបនេះ ក៏រអៀសខ្លួនហើយស្រដី៖ " យ៉ាងម៉េច? គិតថាមនុស្សគ្រប់គ្នាសុទ្ធតែចង់ស្លាប់ដូចនាងតូចម្នាក់នេះមែនទេ?" ជេកសិន បែរទៅនិយាយជាមួយនួងវិញ " ក្មេងតូចនោះគេចង់មានជីវិតរស់ទើបខ្ញុំជួយដល់គេ ហើយរយៈពេលប៉ុន្មានខែទៀតទើបអាចវះកាត់ឲ្យនាងបាន"។ ពេលបានឮបែបនោះហើយ នួងរឹងរឹតតែសប្បាយចិត្តថែមទៀតស្ទើតែបាត់បង់គំនិតចង់ស្លាប់អស់ទៅហើយ។ វេជ្ជបណ្ឌិតរូបសង្ហារសួរនាំទៅនួង ព្រោះដឹងថា ពេលនេះនាងលែងជាសមាជិកនៅមណ្ឌលកុមារកំព្រានោះទៀតហើយ៖ " ចុះនាងតូចវិញ? នឹងគិតទៅរស់នៅឯណា?"។ នួងភ្នែកឡេងឡង់ ព្រោះនាងផ្ទាល់ក៏មិនដឹងថា បន្ទាប់ពីសម្រាកព្យាបាលនៅកន្លែងនេះទៅ តើជីវិតនាងនឹងត្រូវទៅរសាត់អណ្តែតដល់ណាដែរ។ " ខ្ញុំមិនដឹងទេ!" នួងក៏បែរទៅញញឹមបន្លប់តបទៅគ្រូពេទ្យ " ទៅធ្វើជាអ្នកសុំទានទេដឹង? ហិហិ"។ ពាក្យសម្តីរបស់នាងតូចធ្វើឲ្យពីរនាក់គ្រូនិងសិស្សនេះមើលមុខគ្នាទាំងហួសចិត្ត។ ពួកគេកំពុងជួយក្មេងអានាថាម្នាក់មែនទេ?

(កុំដើរចេញពេលយប់)

នៅវេលាយប់ឡើង នួងគេងតែម្នាក់ឯងនៅក្នុងបន្ទប់VIPដ៏ធំនេះ មានទាំងបន្ទប់ទឹកពីខាងក្នុងស្រាប់ ចំណែកឯទេសភាពដែលមើលឃើញពីបង្អួចកញ្ចក់នាពេលយប់វិញ អាចមើលឃើញទេសភាពទីក្រុងនាងពេលរាត្រីយ៉ាងស្រស់ស្អាត ហើយថែមទាំងមានម៉ាស៊ីនត្រជាក់ដែលអាចបញ្ជាសីតុណ្ណភាពឡើងចុះតាមតែចិត្តគេបានទៀតផង។ ប៉ុន្តែកន្លែងស្អាតបែបនេះនៅតែម្នាក់ឯង វាពិតជាល្ហល្ហេវមែនទែន។ បើគិតថា តើជីវិតនាងបន្ទាប់ពីនេះទៅយ៉ាងណា? គឺនាងគ្មានអ្វីក្រៅពីយំនោះទេ។ នៅវេលាម៉ោងប្រហែលពាក់កណ្តាលអាធ្រាតុ មានសម្លេងអ៊ូរអរនៅខាងក្រៅបន្ទប់ធ្វើឲ្យនួងភ្ញាក់ពីដេក។ កាលបើទោះជារបួសនាងនៅឈឺបន្តិចមែន ប៉ុន្តែមនុស្សនិយាយគ្នាឮៗនៅខាងក្រៅធ្វើឲ្យនួងឆ្ងល់ ហើយក៏សម្រេចចិត្តចេញទៅមើលទាំងអូសសារ៉ូមទៅជាមួយផង។ ពេលទៅដល់មុខទ្វារ នារីទាក់ទើរមិនចង់ហ៊ានចេញទេ។ នាងក៏ផ្ទៀងត្រចៀកស្តាប់នៅជាប់នឹងទ្វារវិញ តែក៏ជ្រុលដៃកាច់គន្លឹះទ្វារច្រានចេញទៅក្រៅ ធ្វើឲ្យប្រាណនារីទោរទៅមុខបោកផ្ទប់នឹងសសរទ្រូងដ៏មាំមួយនៅទីនោះ។ ពន្លឺភ្លើងដែលបើកពេលយំប្រឹមៗលំអរតែផ្លូវឲ្យមើលឃើញ ធ្វើឲ្យនួងមើលឃើញថា គេស្លៀកពាក់សម្លៀកបំពាក់ពណ៌ស គេគឺជាគ្រូពេទ្យ។ នួងបែរសម្លឹងមើលទៅខាងលើ ដោយសារតែចាំងពន្លឺពីអំពូលលើពិដាន ​ធ្វើឲ្យនាងឃើញមុខបុរសមិនសូវច្បាស់ទេ។ «នរណាឲ្យនាងចេញមកក្រៅនៅពេលយប់បែបនេះ?» បុរសនិយាយ។ ពេលនេះខ្លួនប្រាណរបស់នួង ត្រូវបានទប់ជំហរទាំងស្រុងដោយបុរស។ ហត្ថាស្តាំរបស់នាង ដាក់លើដើមទ្រូងដ៏មាំទាំរបស់គេ ឯហត្ថាខាងឆ្វេងជាប់សារ៉ូម ដែលពេលនេះបុរសកំពុងកាន់ដងទម្រសារ៉ូមឲ្យនាង។ បុរសលើកនាងចេញថ្នមៗ ព្រោះខ្លាចថានឹងត្រូវចំរបួសរបស់នារី។ ពេលនេះ នួងបានឃើញមុខរបស់គេហើយ នោះគឺពិសាល។ កំពុងតែមានមនោសញ្ចេតនាជ្រាបពេញខ្លួនផង ស្រាប់តែមានសម្លេងគ្រហែម «អ៊ឹ អ៊ឹម» វេជ្ជបណ្ឌិត វ័ង ជេកសិន ឈរនៅក្បែរនោះមើលទៅពួកគេ ដោយសារទ្រាំមិនបាននឹងភាពដ្រាម៉ា ហើយថែមទាំងអាឡាស៊ីនិងរឿងស្នេហាផង ទើបត្រូវនិយាយបន្តិច៖ «អ្នកជម្ងឺត្រូវការសង្គ្រោះបន្ទាន់!»។ ពិសាលក៏ត្រូវទៅបំពេញតួនាទីរបស់គេ។ ឯវេជ្ជបណ្ឌិតជេកសិន មុននឹងដើរទៅក៏ឆ្លៀតសួរទៅនួងថា៖ " ពេលនេះលែងចង់ស្លាប់ហើយមែនទេ?" ថាហើយគេក៏ដើរចេញទៅទាំងសប្បាយចិត្ត។

﹏♥ « « « ❀ » » » ✿ « « « §❀§ » » » ✿ « « « ❀ » » » ♥﹏

More Chapters